ខេត្តសៀមរាប គឺជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តសៀមរាបនេះគឺ ក្រុងសៀមរាប។ ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៅសម័យលង្វែកសតវត្ស១៦។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ខេត្តសៀមរាបស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខេត្តនេះជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន។ ថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបម្រើឱ្យវិស័យទេសចរណ៍។ រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមានរាជធានីអង្គរធំ ប្រាសាទអង្គរវត្តប្រាសាទបាយ័នប្រាសាទភ្នំបាខែងប្រាសាទបក្សីចាំក្រុងប្រាសាទបាពួនប្រាសាទភិមានអាកាសប្រាសាទបន្ទាយស្រីប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយផ្សេងទៀត។ តំបន់អង្គរត្រូវបានរងការលុកលុយជាច្រើនដងពីពួកសៀម ហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់នៅឆ្នាំ១៤៣១។ គួររំលឹកផងដែរថា រាជធានីរបស់ប្រទេសកម្ពុជាត្រូវបានពីប្តូរពីអង្គរទៅរាជធានីចតុមុខនៅឆ្នាំ ១៤៣២ រួចទៅបន្ទាយលង្វែក និង រាជធានីឧដុង្គ និងត្រលប់ទៅរាជធានីចតុមុខវិញនៅឆ្នាំ ១៨៦៦។ ជនជាតិបទេស ដែលបានមកដល់ប្រាសាទអង្គរវត្តមុនគេគឺអ្នករុករកជនជាតិបារាំង លោកហង់រី មូហូ ក្នុងឆ្នាំ១៨៦០(នាសម័យលង្វែកនាសតវត្សទី១៦ ក៏មានជនបរទេសបស្ចឹមលោកមកមើលប្រាសាទអង្គររួចមកហើយដែរ)[១]។ តំបន់សៀមរាបអង្គរគឺជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ហើយក៏ជាតំបនដែលសម្បូរណ៍ទៅដោយសំណង់ប្រាសាទបុរាណតូចធំជាច្រើន ដែលជាទីស្ថានរបស់ពពួកអាទិទេពទាំងឡាយទាំងពួងផងដែរ។