សៀមរាប៖ គណៈកម្មាធិការអន្ដរក្រសួងមួយត្រូវបានបង្កើតឡើង ដើម្បីរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប។ មុននឹងរៀបចំផែនការមេនេះទៅបាន គណៈកម្មាធិការនេះបានរៀបចំសិក្ខាសាលាពិភាក្សាគ្នាច្រើនដង ដើម្បីលម្អិតពីបែបបទ គោលដៅរៀបចំ ក៏ដូចជានីតិវិធីក្នុងការរៀបចំ។ល។ ជាទីក្រុងបេតិកភណ្ឌមួយ ខេត្តសៀមរាបជាខេត្តដែលត្រូវមានការសិក្សាលម្អិតច្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធ និងក្រិត្យក្រមនៃការសង់អគារជាដើម។ ការអភិវឌ្ឍខេត្តមួយនេះ ត្រូវមានការគិតគូរច្រើន ត្រូវមានការប្រុងប្រយ័ត្នកុំឱ្យប៉ះពាល់តម្លៃបេតិកភណ្ឌដែលចងដោយអង្គការយូណេស្កូ។
វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង ដែលបានរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋ។ នៅឆ្នាំ២០១៨ កម្ពុជាមានកំណើនទេសចរក្នុងអត្រា ១០,៧ភាគរយ ជាមួយនឹងការមកដល់នូវចំនួនទេសចរអន្ដរជាតិប្រមាណ៦លាន២សែននាក់ ប្រមូលប្រាក់ចំណូលបានជាង ៤ពាន់លានដុល្លារអាមេរិក និងចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ១២,៧ភាគរយ ក្នុងនោះទេសចរអន្ដរជាតិមកកាន់ខេត្តសៀមរាបមានចំនួន ២លាន៥សែននាក់ ក្នុងកំណើន ៥,៤ភាគរយធៀបនឹងឆ្នាំ២០១៧។
សៀមរាបជាគោលដៅទេសចរណ៍កំពូលរបស់កម្ពុជា។ ពីមួយឆ្នាំទៅមួយឆ្នាំ កំណើនទេសចរមកកាន់ខេត្តនេះកាន់តែច្រើនឡើង ដែលធ្វើឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ពិតណាស់ថា កំណើនទេសចរមានទាំងផលវិជ្ជមាននិងអវិជ្ជមាន ហេតុដូច្នេះហើយទើបគម្រោងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តនេះ ត្រូវបានរៀបចំ។ ក្រៅពីនេះ បំណងនៃការរៀបចំផែនការមេ ឬMaster plan ក៏ដើម្បីជំរុញខេត្តនេះឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងជំរុញឱ្យមានកំណើនទេសចរកាន់តែច្រើនបន្ថែមទៀត ឆ្ពស់ទៅកាន់គោលដៅគ្រោងទុកឆ្នាំ ២០៣៥។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន យល់ថាការងារនេះគឺសំខាន់ណាស់សំដៅលើកកម្ពស់ និងពង្រឹងភាពប្រកួតប្រជែងវិស័យទេសចរណ៍កម្ពុជា និងធានាឱ្យមានការអភិវឌ្ឍមួយប្រកបដោយនិរន្តរភាពនិងការទទួលខុសត្រូវ។ លោក ថោង ខុន ពន្យល់ថា៖ «ផែនការមេនេះ មានសារសំខាន់ជាយុទ្ធសាស្ដ្រចូលរួមគាំទ្រក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា គាំទ្រចក្ខុវិស័យសម្រេចឱ្យបានផែនការទទួលភ្ញៀវទេសចរប្រមាណ ១១លាននាក់ក្នុងឆ្នាំ២០២៥, ១៥លាននាក់ នៅឆ្នាំ២០៣០ និង២០លាននាក់ក្នុងឆ្នាំ២០៣៥ ក្នុងនោះប្រមាណ ៥០ភាគរយនឹងធ្វើដំណើរមកកាន់ខេត្តសៀមរាប ព្រោះសៀមរាបជាប៉ូលទេសចរណ៍ចម្បងបំផុតរបស់កម្ពុជា»។
ជាមួយគ្នានេះ អ្វីដែលលោករដ្ឋមន្ត្រីទេសចរណ៍មើលឃើញនោះ ភ្ញៀវទេសចរមកកម្សាន្តខេត្តសៀមរាបក្នុងមូលហេតុទស្សនាតែអង្គរវត្តតែមួយប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ផែនការមេនេះនឹងផ្សាភ្ជាប់តំបន់ជុំវិញក្នុងខេត្តសៀមរាបរួមបញ្ចូលគ្នាទាំងទេសចរណ៍វប្បធម៌និងអេកូទេសចរណ៍។ អេកូទេសចរណ៍ដែលលោករដ្ឋមន្ត្រីចង់បញ្ជាក់នោះ គឺតំបន់ភ្នំគូលែននិងបឹងទន្លេសាបដ៏ល្បីល្បាញរបស់កម្ពុជាតែម្ដង។ «ដើម្បីដើរតាមទស្សនៈវិស័យនៃការអភិវឌ្ឍប្រកបដោយចីរភាពបាន ផែនការមេត្រូវកំណត់វិសាលភាព រួមបញ្ចូលទាំងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ខណៈដែលបច្ចុប្បន្នការទស្សនាអង្គរវត្តជាមូលហេតុចម្បងមួយរបស់ភ្ញៀវដែលមកកាន់សៀមរាប។ ការរៀបចំត្រូវធ្វើការសិក្សានិងកំណត់ឱ្យបាននូវយុទ្ធសាស្ដ្រនិងផែនការសកម្មភាពដើម្បីបង្កើនភាពទាក់ទាញនៃតំបន់សៀមរាបទាំងមូលព្រមទាំងតំបន់ជុំវិញ ដែលមានលើសពីការទស្សនាប្រាសាទ ឱ្យទៅផ្សាភ្ជាប់ជាមួយសកម្មភាពកម្សាន្តកាន់តែសម្បូរបែប»។ នេះជាការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រី។
ជាអ្នកជំនាញការអន្ដរជាតិមួយរូបក្នុងគណៈកម្មាធិការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប លោក Harry Coccossis បានលើកឡើងថាកំណើនទេសចរលើសាកលលោកមាន៤ភាគរយក្នុងមួយឆ្នាំ ដ្បិតថាមានបញ្ហាកើតឡើងមួយចំនួនក៏ដោយ។ ដូច្នេះដើម្បីចាប់យកឱកាសជាមួយនឹងកំណើននេះ ត្រូវស្វែងយល់ពីការផ្លាស់ប្ដូរឥរិយាបថរបស់ភ្ញៀវទេសចរ ក៏ដូចជាទិដ្ឋភាពថ្មីៗនៅពេលទេសចរកើនឡើង។ លោកពន្យល់ថា៖«…ទី១ចំពោះបញ្ហារីកចម្រើនបែបនេះ យើងមានទិដ្ឋភាពមួយចំនួន ប៉ុន្តែទេសចរមានការផ្លាស់ប្ដូរត្រូវយល់ចំណុចនេះ ព្រោះ២០ឆ្នាំមុនទេសចរមិនដូចគ្នា យើងត្រូវយល់ឱ្យច្បាស់ពីទិដ្ឋភាពនេះដើម្បីយើងរៀបចំសម្រាប់ពេលអនាគត ធម្មតាពេលមានកំណើនហើយ វាមានសម្ពាធហើយ សម្ពាធនោះគឺមានតម្រូវការកើនឡើង ពេលខ្លះក៏មានផលប៉ះពាល់អវិជ្ជមាន ត្រូវយល់និងដោះស្រាយផលប៉ះពាល់ឱ្យបានល្អ»។
ដោយសារទីផ្សារទាំងអស់មានការប្រកួតប្រជែងតាមប្រព័ន្ធបច្ចេកវិទ្យា ចំណុចនេះលោក Harry ក៏ឱ្យយកចិត្តទុកដាក់ដែរ។ អ្នកជំនាញការអន្ដរជាតិរូបនេះយល់ថា បច្ចេកវិទ្យាមានឥទ្ធិពលខ្លាំងណាស់ទៅលើការប្រើប្រាស់របស់មនុស្សសម័យទំនើប ដូច្នេះគេត្រូវធ្វើយ៉ាងណារៀបចំប្រព័ន្ធនេះឱ្យមានភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន ដូចជាការកក់សណ្ឋាគារ អាហារដ្ឋាន និងគោលដៅទេសចរណ៍ជាដើម។ «ការផ្លាស់ប្ដូរនេះ ជាឱកាសរបស់យើងដើម្បីធ្វើការអភិវឌ្ឍទេសចរណ៍ទៅតាមតម្រូវការថ្មី ពីព្រោះវាមានការរីកចម្រើន..តែវាក៏មានទិដ្ឋភាពថ្មី២ដែរ គុណភាពគឺសំខាន់ណាស់ពីព្រោះថាប្រជាជនភាគច្រើនធ្វើដំណើរ គាត់មានបទពិសោធន៍ធ្វើដំណើរច្រើន គាត់ដឹងស្គាល់ច្រើនសេវាកម្មបែបណាល្អ»។